​ប្រាសាទ​នានា​នៃ អង្គរ


ស្វែងយល់​ពី​អច្ឆរិយៈវត្ថុ​តំបន់​អង្គរ​នៃព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​ជា​កន្លែង​ ដែល​ប្រាសាទ​អាយុ​រាប់ពាន់​ឆ្នាំ​ជាច្រើន​លាក់​ខ្លួន​ក្នុង​ព្រៃ ព្រមទាំងជាទី​ដែល​ក្រុងនិង​ផ្លូវ​បុរាណ នាំដាន​ទៅ​រក​រជ្ជកាល​មុនៗ​នៃ​អាណាចក្រ​ខ្មែរ​។

បន្ទាយស្រី


ប្រាសាទ​សំខាន់​នៃ​តំបន់​អង្គរ​តែ​មួយ​គត់ ដែល​កសាង​ឡើង​ដោយ​ថ្ម​​ភក់​ពណ៌​ផ្កាឈូក​ដ៏​ចែងចាំង​។​ «​ប្រាសាទ​នៃ​ស្ត្រី​» នេះគឺ​ជា​គ្រាប់​ចរណៃ​នៃ​ចំណុច​កំពូល​របស់​សិល្បៈ​ខ្មែរ​។

រក​មើល​ក្នុង​ស្ទ្រីតវីយូ

សូម​ជ្រើសរើស​​តំបន់​ដើម្បី​មើល​

មើល​ប្រាសាទ​​បន្ទាយស្រី​ជាមួយ​ Google ផែនទី

រតន​ប្រាសាទ​លាក់​ខ្លួន


គោបុ​រៈ​ខាងកើត (ច្រក​​ចូល​)

ប្រាសាទ​បន្ទាយស្រី​ បាន​ត្រូវ​ចាត់​ឲ្យ​សាង​ឡើង​ក្នុង​គ្រិស្ត​សករាជ ៩៦៧ ដោយ​ព្រាហ្មណ៍ ​ដែល​ជា​ទីប្រឹក្សា​របស់​​​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី II ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ​។ ដោយ​មាន​ទីតាំង​ជ្រៅ​នៅ​ក្នុង​ព្រៃ​ ប្រាសាទ​នេះ​បាន​លាក់​ខ្លួន​ជា​ច្រើន​​​សតវត្ស​ រហូត​ដល់​បេសកកម្ម​​នៃ​ការ​រុក​រក​ឡើង​វិញ​របស់​បារាំង ​​នៅ​ក្នុង​ឆ្នាំ ១៩១៤ ។ មួយ​ទសវត្ស​ក្រោយ​មក​ រឿង​មួយ​​ក្នុង​ចំណោម​រឿង​អាស្រូវ​សិល្បៈ​ដែល​ល្បី​បំផុត​នៅ​សតវត្ស​ទី ២០ គឺ​អំពី​អ្នក​និពន្ធ​ប្រលោមលោក ​និង​ ជា​អ្នក​ទ្រឹស្ដី​និយម​បារាំង ​លោក​ André Malraux ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ខណៈពេល​កំពុង​ព្យាយាម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ជា​មួយ​នឹង​បំណែក​ដ៏​សំខាន់​ៗ​មួយ​ចំនួន​ដែល​លួចបាន​ពី​តំបន់​នោះ​។ រូប​ចម្លាក់​​នានា​ត្រូវ​បាន​ប្រគល់​​មក​វិញ​ ហើយ​រឿង​នេះ​បាន​បណ្តាល​អោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អន្តរជាតិ​ ​ក្នុង​ការ​​ជួស​ជុល​ថែទាំ​ប្រាសាទ​នៅ​ក្នុង​ឆ្នាំ ១៩៣០ ដោយ​មាន​ការ​ប្រើ​វិធីសាស្ត្រ​បុរាណ​វត្ថុ​​វិទ្យា​មុន​គេ​បង្អស់​។

ការ​អភិរក្ស​ដោយ​​ប្រុងប្រយ័ត្ន​ខ្ពស់​


ការ​ស្ដារ​ឡើង​វិញ ដែល​ទាក់ទិន​នឹង​ការ​រៀប​រចនាសម្ព័ន្ធ​ឡើង​វិញ ដោយ​​​ផ្អែក​លើ​​បំណែក​​ដើម​និង​ទី​តាំង​របស់​វា ​​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង ​នៅ​ប្រាសាទ​បន្ទាយ​ស្រី​នៅ​ក្នុង​ឆ្នាំ ១៩៣០។ ការងារ​នេះ​នៅតែ​បន្ត​រហូត​ដល់​សព្វ​​ថ្ងៃ ​តាម​រយៈ​ការ​សហការ​​​រវាង​រាជរដ្ឋាភិបាល​ស្វីស​និង​កម្ពុជា​។ ទោះ​បី​ជា​មាន​ការ​បំផ្លិចបំផ្លាញ​និង​ការ​លួច​យក​ទៅ​លក់​ក៏ដោយ ក៏​ការ​តម្លើង​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ និង ​ការ​ចាត់​វិធានការ ​ដើម្បី​កាត់បន្ថយ​ការ​ខូចខាត​ដែលបណ្ដាល​មកពី​ដើមឈើ​ ធ្វើ​អោយ​​តំបន់នេះ​ក្លាយ​ជា ​តំបន់​ដែល​ទទួល​បាន​ការអភិរក្សល្អ​​ជាង​គេ​ក្នុង​តំបន់​អង្គរ​។

ក្បាច់​ចម្លាក់​ដែល​ធ្វើ​ពីថ្ម​ភក់​​ពណ៌​ផ្កាឈូក


ថ្ម​ភក់​ពណ៌​​ផ្កាឈូក​ស្រទន់​នៃ​​ប្រាសាទ​​​បន្ទាយ​ស្រី ​គឺ​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក ពី​ប្រាសាទដទៃ​ក្នង​តំបន់​អង្គរ ​ត្រង់​ភាព​ស្រស់​ស្អាត​និង​ចម្លាក់​យ៉ាង​ល្អិត​ឆ្មាដ៏​រស់​រវើក ដែល​ហាក់បី​ដូចជា​ចម្លាក់​ឈើ។ ឈុត​ឆាក​ទាំងមូល​ពី​រឿងព្រេង​ហិណ្ឌូ​នៅ​លើ​ជញ្ជាំង​​ប្រាសាទ តួ​ប្រាសាទ ​ធ្នឹម​ និង​ហោជាង រួម​ទាំង​​ការ​បង្កើត​ឡើង​វិញ ​នៃ​ក្បាច់​ចម្រុះ​គ្នា​នៃ​រឿង​​រាមាយ​ណៈ​នៅ​ច្រក​ចូល​​ខាង​លិច ​និង ​ចម្លាក់​រៀបរាប់​ពី​ឈុតឆាក​ដែល​​ ទេវៈ​នៃ​សេចក្ដី​ស្រឡាញ់ឈ្មោះថា កា​ម៉ាស៊ូត្រា​ (Kamashutra) បាញ់​ព្រួញ​តម្រង់​​ព្រះ​​សិវៈ​ នៅ​លើ​ហោជាង​បណ្ណាល័យ​ភាគ​ខាង​ត្បូង​។

ការ​ប្រយុទ្ធ​គ្នា​រវាង​ស្ដេច​ស្វា


ចម្លាក់​លម្អិត​ នៅ​ច្រក​​ចូល​ខាងលិច​ប្រាសាទ​កណ្ដាល​ ពណ៌នា​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏ល្បី​សុះសាយ​ រវាង​បងប្អូន​ស្វា ពាលី និង សុគ្រីព ​ដែល​ដក​ស្រង់​ពី​រឿង​រាមកេរ្តិ៍ ​របស់​​ហិណ្ឌូ។

រូប​ចម្លាក់​សត្វ​យាម​​ប្រាសាទ​កណ្ដាល


វិញ្ញាណ​ធម្មជាតិ​ជា​ឆ្មាំ​យក្ស​យាម​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​កណ្ដាល​នៃ​ប្រាសាទ​បន្ទាយ​ស្រី​ ត្រូវ​បាន​ចាត់​ទុក​ជាឧទាហរណ៍​យ៉ាង​សំខាន់​នៃ​​ចម្លាក់​ខ្មែរ​បុរាណ​។

​បឹង​មាលា


ដើរ​កាត់​​ព្រៃ​ទៅរក​​ប្រាសាទ​​បឹងមាលា​ដ៏​អាថ៌កំបាំង​នៃ​តំបន់​អង្គរ។

រក​មើល​ក្នុង​ស្ទ្រីតវីយូ

សូម​ជ្រើសរើស​​តំបន់​ដើម្បី​មើល​

មើល​ប្រាសាទ​បឹង​មាលា​ជា​មួយ Google ផែនទី

ប្រាសាទ​នៅ​ផ្លូវ​បំបែក


ប្រាសាទ​ដ៏​ធំ ស្ថិត​នៅ​ដាច់​ស្រយាល និង​​បាក់បែក​នេះ​សណ្ដូក​នៅ​ផ្លូវ​ប្រសព្វ​នៃ​ផ្លូវ​បុរាណ​​ដែល​កាល​ពី​សម័យនោះ​​ មួយ​​តភ្ជាប់​​ទៅ​ក្រុង​អង្គរ ​និង​មួយ​ទៀត​ទៅ​​ទីក្រុង​ផ្សេងៗ​ទៀត​​ក្នុង​អាណាចក្រ​ខ្មែរ​។ បាន​កសាង​ជា​ប្រាសាទ​ហិណ្ឌូ​នៅ​ក្នុង​សតវត្ស​ទី ១២ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី II ប្រាសាទ​នេះ​វា​គឺ​ជា​ប្រផ្នូល​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត ដែល​​សាងសង់​ក្នុង​រចនាប័ទ្ម​ដូច​គ្នា​ និង ​ក្រោម​គំរោងប្លង់​ដូច​គ្នា​។

សម្អាត​ដី​​ចម្ការ​មីន​ចុង​ក្រោយ


កាលពីប៉ុន្មានឆ្នាំមុននេះ​ ព្រៃ​ក្រាស់​និង​​គ្រាប់​មីន​មិនទាន់​ផ្ទុះ បន្សល់​ទុក​​តាំង​ពី​សង្គ្រាម​វៀតណាម​ ​ធ្វើ​អោយមាន​ការ​លំបាក​ និង​គ្រោះថ្នាក់ ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​បឹង​មាលា​។ គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំងនោះ ត្រូវបាន​សម្អាតចេញ​ក្នុង​ឆ្នាំ​២០០៣ ហើយ​មួយ​ឆ្នាំ​បន្ទាប់​មក ​ផ្លូវ​ដើរធ្វើ​ពី​ឈើ​ទៅកាន់​​ប្រាង្គ​កណ្ដាលប្រាសាទ​ ត្រូវបាន​កសាង​ឡើង​ដើម្បីថត​ភាពយន្ត ដែល​បាន​ធ្វើ​អោយ​សាធារណជន​អាច​ធ្វើ​ដំណើរ​ទៅប្រាសាទ​បឹង​មាលា​មានភាព​ងាយ​ស្រួល​។

មន្ទីរ​​ និង​ទីធ្លា


ដើម្បី​រុករក​ប្រាង្គ​ដាច់​ស្រយាល​នៃ​ប្រាសាទ​​បឹងមាលា លោក​អ្នក​ត្រូវ​ឆ្លង​កាត់​​គូ​ទឹក​ដែល​រីង​ស្ងួត ឡើង​រំលង​ឬសឈើ​និង​កម្ទេច​ថ្ម​ និង ដើរ​បត់​ចុះ​បត់​ឡើង​តាម​​គន្លងនៃ​ប្រាង្គ​​ដ៏​អាថ៌​កំបាំង។ ប្រសិន​បើ​លោក​អ្នក​ធ្វើ​​ដំណើរ​ លោក​អ្នក​នឹង​មាន​អារម្មណ៍ ហាក់​ដូច​ជា​អ្នកកំពុង​តែ នៅ​ក្នុង​រឿង​ដំណើរ​ផ្សងព្រេង​របស់​​អ៊ីនឌីណាចូន​ (Indiana Jones) ដោយ​សារ​តែទិដ្ឋភាព​នៃ​សំណង់​បុរាណ​​ ដែលមាន​ជញ្ជាំង​និង​ដំបូល ​​គ្រប​ដណ្ដប់​ដោយ​ស្លែ​​និង​វល្លិ ​និង មាន​ដើម​ឈើ​​ដុះ​តាមចន្លោះ​ប្រាសាទ​ដែល​បែកបាក់ និង ​គំនរ​​ថ្ម​ភក់​​ខ្ពស់​ៗ​ក្នុង​ទីធ្លា​។

អង្គរវត្ត


ស្វែងរក​ទីក្រុង​​នៃ​ប្រាសាទ​​ដ៏​ល្បីល្បាញ ​វិមាន​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ ហើយ​ជា​​ស្ថាបត្យកម្ម​​អច្ឆរិយៈមួយ​ដ៏​អស្ចារ្យ​បំផុត​របស់​ពិភពលោក​។

រក​មើល​ក្នុង​ស្ទ្រីតវីយូ

សូម​ជ្រើសរើស​​តំបន់​ដើម្បី​មើល​

មើល​ប្រាសាទ​​អង្គរ​វត្ត​ជា​មួយ​ Google ផែនទី

ប្រាង្គកណ្ដាល


អង្គរ​វត្ត​មាន​ន័យ​សំដៅ​លើ ​​ការ​បង្កើត​ឡើង​វិញនៅ​លើ​ផែនដី​នូវ​ចក្រវាឡដោយ​ប្រើ​ថ្ម ដែល​ប្រាង្គ​កណ្ដាល​​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ ដែល​ជា​ទី​លំនៅ​របស់​ទេវៈ​ក្នុង​សាសនា​ហិណ្ឌូ​។

ផ្លូវដើរកាត់ទឹក


ការ​រចនា​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ប្រាសាទ​អង្គរវត្ត រួមមាន​រាង​ជា​សាជី​ជ្រុង​មាន​បី​ថ្នាក់ ​និង ​មាន​ប្រាង្គកំពូល​ប្រាំ ​ដែល​ស្រដៀង​ទៅ​នឹង​ពន្លក​ឈូក​។ ភ្ញៀវ​ទេសចរ ​ចូល​តាម​ទិស​​ខាង​លិច​តាម​ផ្លូវ​ក្រាល​ថ្ម​ភក់​​ធំ​ៗ ​ដែល​ឆ្លងកាត់​​ទក្សិណ​ទឹក​រាង​បួន​ជ្រុង​ទ្រវែង​​យ៉ាងធំរហូត​ទៅ​ដល់​​ជញ្ជាំង​ខាងក្រៅ​។

ការ​ពណ៌នា​នៃ​រឿង​ព្រេង​សាសនា​ហិណ្ឌូ


វិចិត្រសាល​នៃ​ចម្លាក់​ក្បាច់រាបមាន​ទំហំ​ជិត ១២០០ ម៉ែត្រការ៉េ នៃ​​​ចម្លាក់​ធ្វើពីថ្ម​ភក់មានក្បាច់ក្បូរ​​យ៉ាង​ល្អ​ឯក ​​ដែល​ពណ៌នាអំពី​រឿងព្រេង​និងជំនឿហិណ្ឌូ ព្រម​ទាំង​មាន​ភាព​លម្អិតនិង​មាន​គុណភាព​ដែល​គ្មាន​គូ​ប្រៀប​នៅ​លើ​ពិភពលោក​។

កងទ័ព​​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី II


ចម្លាក់​នៅ​ពន្លា​ភាគ​និរតី​នៃ​វិចិត្រសាល​ខាង​លិច​ បង្ហាញ​ពី​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី II ធ្វើសវនាការ នៅខណៈ​ដែល​កងទ័ព​របស់​ព្រះ​អង្គ ​​​ធ្វើដំណើរឆ្ពោះទៅ​ទិស​ខាង​កើត ​​ដើម្បី​​វាយ​ពួក​ចាម ​ដែល​ដឹក​នាំ​ដោយ​មេទ័ព​បរ​ដំរី។

ឋានសួគ៌ ​និង​ឋាននរក


ចំហៀងខាងកើត​នៃ​វិចិត្រ​សាល​ខាង​ត្បូង​ មានបង្ហាញ​គំនូរ​ដែល​និយាយ​ពីឋានសួគ៌ ៣៧​ជាន់​ និង ឋាននរក​ ៣២​ជាន់​ តាម​ជំនឿ​សាសនា​ហិណ្ឌូ​។ នៅ​ក្នុង​ផ្នែក​មួយ ​​ស្តេចយមរាជ​ដែល​ជា​ទេវៈ​នៃ​មរណភាព ចង្អុល​បង្ហាញ​ផ្លូវ​លើ​​និង​ផ្លូវ​ក្រោម​​​ដែលនាំ​យក​វិញ្ញាណ​​ដែល​បាន​ស្លាប់ ទៅ​កាន់​ឋានសួគ៌​ឬ​ឋាននរក​។

ការ​កូរ​សមុទ្រ​ទឹក​ដោះ


ចម្លាក់​នៃ​រឿង​កូរ​សមុទ្រ​ទឹក​ដោះ​ នៅ​ក្នុងវិចិត្រសាល​ខាង​កើត ​គឺជា​​ចម្លាក់​ក្បាច់​រាប ដែល​ល្បីល្បាញ​បំផុត​ របស់ប្រាសាទ​អង្គរវត្ត។ នៅ​ក្នុង​រឿង​នេះ ​ក្រុម​ទេវៈ​និង​ក្រុម​អសុរៈ​នាំ​គ្នា​កូរសមុទ្រ​ទឹកដោះ ដើម្បី​រាវយក​រតនសម្បត្តិ​ដែល​មាន​ទឹក​វេទមន្តធ្វើ​អោយ​មាន​ជីវិត​អមតៈ​។

អប្សរា​អង្គរ​វត្ត​


លក្ខណៈ​ពិសេស​នៃ​ប្រាសាទ​អង្គរ​វត្ត​ គឺ​មាន​​ចម្លាក់​អប្សរា​​ជាង ៣០០០ ខុសៗ​គ្នា ​(ទេពអប្សរ​ឋានសួគ៌) ដែល​មាន​ម៉ូត​សក់​និង​ សំលៀក​បំពាក់​ ៣៧​ ម៉ូត​ខុសៗ​គ្នា​។

រូបសំណាក​ព្រះវិស្ណុ


រូប​ចម្លាក់​ព្រះ​វិស្ណុ​ដៃ​ប្រាំ​បី ​​ដែល​ឆ្លាក់​ចេញ​ពីថ្ម​ភក់​តែ​មួយ​ដុំ​ ​ស្ថិត​នៅ​​​​ខាង​ស្ដាំ​នៃ​ប្រាង្គប្រាសាទ នៅ​​ច្រក​ចូល​ភាគ​ខាង​លិច។ អ្នក​ធ្វើ​ធម្មយាត្រា​ជា​និច្ចកាល តែង​ថ្វាយ​​កម្រង​ផ្កា​ដល់​​ព្រះវិស្ណុ ​ដើម្បី​​ជា​ការ​ថ្លែង​អំណរគុណ​ដល់​ព្រះអង្គ ដែល​បាន​នាំ​មក​នូវ​សំណាង​ល្អ​។

ជណ្ដើរ​ឡើង​ទៅ​ស្ថានសួគ៌


ដើម្បី​ទៅ​ដល់​​ជ្រុង​ប្រាសាទ​​និង​វិចិត្រសាល​​ផ្នែក​ខាងក្នុង លោក​អ្នក​ត្រូវ​​ឡើង​ជណ្តើរបី​ឈុត​។ ជណ្ដើរ​នេះ មាន​លក្ខណៈ​ចោទ​ខ្លាំង ដើម្បី​តំណាង​ឱ្យ​ឧបសគ្គ​លំបាក ​នៃ​ការ​ឡើង​ទៅ​ឋានសួគ៌​។

​អង្គរធំ


ដើរ​តាម​ផ្លូវ​លំហែ​រូបសំណាក​​តម្រង់​ជួរ​ដើម្បី​នាំ​អ្នក​​ទៅ​​ច្រក​ទ្វារ​នៃ​ទីក្រុងដ៏​ល្បីល្បាញ​ចុង​ក្រោយ​របស់​នគរ​ខ្មែរ​។

រក​មើល​ក្នុង​ស្ទ្រីតវីយូ

សូម​ជ្រើសរើស​​តំបន់​ដើម្បី​មើល​

មើល​ប្រាសាទ​​អង្គរធំ​ជាមួយ​ Google ផែនទី

គន្លងមាគ៌ានៃ​ពួកទេវៈ និង​ពួក​អសុរៈ


អង្គរធំ​​ ត្រូវបាន​កសាង​ឡើង​វិញ​ជា​ច្រើន​ដង ក្នុង​កំឡុងពេល​ ៥០០​ឆ្នាំ។ ​ការ​កែលំអរ​ចុង​ក្រោយ​ដែលមានទ្រង់ទ្រាយធំជាងគេ ធ្វើ​ឡើង​នៅ​ក្នុង​សតវត្ស​ទី ១២ ក្នុង​រជ្ជកាល​​ព្រះបាទ​ជ័យវរ្ម័ន​ទី VII ដែល​បាន​កសាង​កំផែង​ដ៏​ធំ​​សម្បើម​​ ដើម្បី​ការពារ​ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន​។ ជញ្ជាំង​ទីក្រុង សង់ឡើងដើម្បីជា​និមិត្តរូប​នៃ​ភ្នំ ដែល​នៅ​ជុំវិញ​​ភ្នំព្រះ​សុមេរុ​ ឯគូ​ទឹក​តំណាង​ឱ្យ​មហាសមុទ្រ​ចក្រវាឡ​។

ច្រក​ទ្វារ​ចូល​អង្គរ​ធំ


ច្រក​ទ្វារ​ធំ​​នៃ​ប្រាសាទ​អង្គរ​ធំ សិ្ថត​នៅ​ក្នុង​ចំណោម​កន្លែង​ ដែល​មាន​គេ​ថតរូប​យក​ច្រើន​ជាង​គេ​បំផុតនៅ​តំបន់​អង្គរ​។ ក្លោងទ្វារទាំងនោះមានកំពស់ប្រមាណជាង ២២ម៉ែត្រ ដែលមានកំពូលមុខបួន​ដ៏ធំ​អស្ចារ្យ​​ បែរ​ទៅ​ទិសខាង​ជើង កើត ​ត្បូង និង ​​លិច។ ផ្នែកពាក់​កណ្ដាល​ខាងក្រោម នៃក្លោងទ្វារ ​មាន​រូប​សត្វ​ដំរី​ក្បាល​បី​ ដែល​មាន​ប្រមោយ​ធ្វើ​ជា​សសរ​។

ប្រាសាទ​បាយ័ន


ប្រាសាទ​បាយ័ន​ ស្ថិត​នៅ​ចំ​កណ្ដាល​​តំបន់អង្គរធំ ដែល​មានប្រាង្គ​ចំនួន ៥៤ ​ឆ្លាក់មុខ​មនុស្ស​យ៉ាង​ច្រើន​ចំនួន ២០០០​មុខ។ វិចិត្រសាល​នៃ​ផ្ទាំង​សិលា​​ប្រាសាទ​បាយ័ន​ដ៏​ខ្វាត់ខ្វែង​ ​និង​ផ្លូវ​ដើរ​ដ៏​ងងឹត​ ​មានភាពល្បីល្បាញ​ត្រង់​ក្បាច់​ចម្លាក់​រាបដ៏​ល្អិតល្អន់ ដែល​ពណ៌នា​ពី​ចម្បាំង​ និង​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ​ក៏​ដូច​ជា​ឈុត​ឆាក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​។

លាន​ស្ដេច​គម្លង់


ទីលាន​ស្តេច​ព្រះគម្លង់ ដែល​មាន​កម្ពស់ ជិត ៧ម៉ែត្រ​ នៅ​តែ​ជាទីតាំង​អាថ៌កំបាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ជា​ច្រើន ​នៃតំបន់​​អង្គរធំ​។ អ្នកខ្លះ​ជឿ​​​ថា ​ស្ដេច​អង្គរ​ច្រើនអង្គ ​កើតរោគឃ្លង់ ដែល​​​រូប​សំណាក់​អាក្រាត​កាយ​នៅ​កណ្ដាល (ច្បាប់​ចម្លង​) គឺជាស្តេច​​យមរាជ ​ដែល​ជា​ទេវៈ​នៃ​មរណភាព នៅចាំ​រាជ​ឈាបនដ្ឋាន​។ អ្នក​ខ្លះ​ទៀត​គិត​ថា ​ចម្លាក់នេះ​តំណាង​ឱ្យព្រះ​កុេវរ (Kubera) ជាទេវៈនៃរតនៈសម្បត្តិ​​ ដែលក៏មានកើតរោគឃ្លង់​។ លោក​អ្នក​អាច​សិក្សា​បន្ថែម​ពី​រឿង​នេះ​នៅ​វិទ្យាស្ថាន​វប្បធម៌​របស់ Google​។

អាទិទេព​លុតជង្គង់


ព្រះកេស​​នេះ​ពីមុន គឺជា​ផ្នែក​នៃ​ចម្លាក់​អាទិទេព​លុតជង្គង់​កម្ពស់​ ២,៥ម៉ែត្រ ដែលជាចម្លាក់មួយ​ក្នុង​ចំណោមចម្លាក់​​អាទិទេព​ចំនួន ៥៤ ​ឈរជាជួរនៅ​​ច្រក​ចូល​ខាង​ត្បូង​ ឆ្ពោះទៅ​ប្រាសាទ​​បាយ័ន​។ អ្នកសិក្សា​ស្រាវជ្រាវ ​ជឿថា ​រូប​សំណាក់នេះ​បង្ហាញ​ពី​រឿង​ព្រេង​ហិណ្ឌូ​ គឺរឿង​កូរ​សមុទ្រ​ទឹក​ដោះ។ លោក​អ្នក​អាច​សិក្សា​បន្ថែម ពី​រឿង​នេះ​នៅ​ វិទ្យាស្ថាន​វប្បធម៌​របស់ Google​។

តាព្រហ្ម


​ដំណើរ​ទៅកាន់​ប្រាសាទ​អាថ៌កំបាំង​ដែល​រុំ​ព័ទ្ធ​​ដោយ​ដើម​ឈើ​​​ ហើយ​ជា​ទីតាំង​ថត​រឿង Lara Croft: Tomb Raider​។

រក​មើល​ក្នុង​ស្ទ្រីតវីយូ

សូម​ជ្រើសរើស​​តំបន់​ដើម្បី​មើល​

មើល​ប្រាសាទ​​តា​ព្រហ្ម​ជា​មួយ​នឹង​ Google ផែនទី

ទេពអប្សរ​ប្រាជណាបារាមិត្រ (​Prajnaparamita)


ព្រះបាទ​ជ័យវរ្ម័ន​ទី​ VII បាន​ឆ្លាក់ឧទ្ទិស​ថ្វាយ​ដល់ព្រះ​មាតា​ព្រះ​អង្គ ពេញតួប្រាសាទ។ មាន​ក្បាច់​ចម្លាក់​ពី​ស្ត្រី​ជា​ច្រើន រួម​មាន ​ចម្លាក់​មុខ​មនុស្ស​ស្រី​​ដ៏​ល្បីល្បាញ អ្នក​ទស្សនា​នាំគ្នាស្ងើច​សរសើរ អំពី​ការ​ដែលដើម​ឈើដុះ បង្កើត​ជា​ស៊ុម​ជុំវិញ​ចំលាក់​មុខនេះ។

ព្រះ​ភ័ក្ត្រ​​​ព្រះពោធិសត្វ


គោបុរៈ​ខាង​លិច (ទ្វារ​ចូល​) ​​មាន​កំពូល​ប្រាង្គ​ប្រាសាទ​ព្រះពុទ្ធមុខ​បួន ដែល​មុខ​នីមួយៗ​ បែរទៅ​ទិស​ខុស​ៗ​គ្នា​។

ក្បាច់​ចម្លាក់​នៃ​ដាយណូស័រ​ដ៏​អាថ៌កំបាំង


បើ​ទោះ​ជា​មានចម្លាក់​រូបសត្វ​​ជា​ច្រើន​​​នៅលើ​​សំណង់​ប្រាសាទ​អង្គរ​ គ្មាន​ចម្លាក់​ណា ដែល​បង្កើតអោយ​មាន​ភាព​ងឿង​ឆ្ងល់​ ដូច​ចម្លាក់​មួយ​នេះ​ទេ ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​សត្វ​ដាយណូស័រជើង​បួន​មួយ​ប្រភេទ​ឈ្មោះ ស្តិគហ្គោស័រ (Stegosaurus)។

បំណែក​ប្រាសាទដ៏​មាន​មនោសញ្ចេតនា


ប្រាសាទ​តាព្រហ្ម​​ ស្ថិត​ក្នុងសភាព​ចាស់រិចរឹល មាន​ការ​ចាក់​ឫស​របស់​ដើម​ឈើ​ធំៗ ទៅ​ក្នុង​ជញ្ជាំង​ប្រាសាទ ក្លោង​ទ្វារ និង​​ ប្រាង្គនានា​ ហាក់​ដូច​ជា​ទន្លេ​នៃ​កំអែ​ភ្នំ​ភ្លើង។ ខុស​ពី​​ប្រាសាទ​​ភាគ​ច្រើននៅតំបន់​​អង្គរ សំណង់​នៃ​ប្រាសាទ​តា​ព្រហ្ម ​ត្រូវបាន​ទុក​ចោល​ស្ទើរ​តែ​​មិន​បាន​​ស្ដារ​ឡើង​វិញ​ទាល់​តែ​សោះ​ តែ​ភាព​ចាស់​ទ្រុឌទ្រោម​នៃ​ប្រាសាទ​នេះ ​បែរ​ជា​ក្លាយ​ទៅជា​ផ្នែក​មួយ​ដែល​ទាក់​ទាញ​មនោសញ្ចេតនា​។​

រក​មើល​ទិដ្ឋភាព​ច្រើន​ទៀត​ក្នុង​​តំបន់​អង្គរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

រក​មើល​តាម​ទិដ្ឋភាព (Views)

សូម​អរគុណ​​ជា​ពិសេស

Google​ វិទ្យាស្ថាន​វប្បធម៌ - អង្គរ

លោក​អ្នក​អាច​សិក្សា​បន្ថែម​នៅ Google ​វិទ្យាស្ថាន​វប្បធម៌​

ស្វែងយល់​បន្ថែម

ដៃគូ​របស់​យើង

សូម​អរគុណ ជា​ពិសេស ទៅ​ដៃ​គូ​របស់​យើង​នៅ ​អាជ្ញាធរ​ជាតិ​អប្សរា​ (អាជ្ញាធរ​ជាតិ ដើម្បី​ការពារ​រមនីយដ្ឋាន និង​រៀបចំ​តំបន់​សៀមរាប-អង្គរ) និង ​ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​