របៀបដែល Autori បានធ្វើឱ្យមានការផ្លាស់ប្ដូរទាំងស្រុងលើការថែទាំផ្លូវនៅទូទាំងប្រទេសហ្វាំងឡង់ ដោយមានរូបភាពទិដ្ឋភាព​ផ្លូវ​មួយក្នុងពេលមួយ។

គុណភាពផ្ទៃផ្លូវ ផ្លាកសញ្ញាហួសសម័យ និងផ្លូវដែលគ្មានភ្លើងបំភ្លឺ បង្កការលំបាកជារៀងរាល់ថ្ងៃដល់អ្នកបើកបរ និងទីក្រុងនានានៅទូទាំងពិភលោក។ ប៉ុន្តែ Autori ដែលជាក្រុមហ៊ុនកម្មវិធីរបស់ហ្វាំងឡង់ដែលអភិវឌ្ឍដំណោះស្រាយសម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធ បានរកឃើញវិធីប្រមូល និងវិភាគទិន្នន័យកម្រិតផ្លូវកាន់តែមានប្រសិទ្ធភាព ដោយប្រើទិដ្ឋភាពផ្លូវ Google ផែនទី។

40,000 km

បានថតរូប

8 លាន

បានបោះពុម្ព​ផ្សាយរូបភាព

50 លាន

ចំនួនមើល

ទិន្នន័យផ្លូវ

20

គម្រោងថតរូប

ការកែលម្អប្រសិទ្ធភាពក្នុងការគ្រប់គ្រងលើការថែទាំផ្លូវនៅក្នុងប្រទេសហ្វាំងឡង់

ដោយត្រូវបានស្ថាបនាឡើងនៅក្នុងឆ្នាំ 1988 Autori ផ្ដល់កម្មវិធីជាដំណោះស្រាយផ្នែកសេវាកម្ម (SaaS) សម្រាប់អ្នកម៉ៅការ អ្នកពិគ្រោះយោបល់ភាគីទីបី និងអាជ្ញាធរផ្លូវគោករបស់ហ្វាំងឡង់សម្រាប់ការគ្រប់គ្រងស្ថានភាព ការរៀបចំផែនការសកម្មភាព និងការសម្របសម្រួលក្នុងការថែទាំ។ ការតាមដានស្ថានភាពផ្លូវនៅទូទាំងប្រទេស ត្រូវចំណាយពេល និងចំណាយថវិកាជាច្រើន ប៉ុន្តែក្នុងពេលដែលក្រុមហ៊ុនផ្សេងទៀតមើលឃើញបញ្ហាចំណាយ Autori អាចដាក់ទុនសម្រាប់ឱកាសដ៏ពិសេសនេះ។ ដោយប្រើរូបភាពទិដ្ឋភាពផ្លូវ និងដំណោះស្រាយ SaaS ផ្ទាល់ខ្លួន ពួកគេបានបង្កើតឧបករណ៍សម្រាប់ការគ្រប់គ្រងទិន្នន័យហេដ្ឋារចនាសម្ព័ន្ធក្នុងការថែទាំផ្លូវ និងការសម្រេចចិត្តកាន់តែប្រសើរនៅហ្វាំងឡង់។

តម្រូវការសម្រាប់ល្បឿន និងការចែករំលែកទិន្នន័យ

ជាទម្លាប់ អាជ្ញាធរផ្លូវគោកចាំបាច់ត្រូវចុះទៅពិនិត្យមើលផ្លូវទាំងអស់ដោយផ្ទាល់ ដើម្បីឱ្យដឹងថាត្រូវធ្វើការងារអ្វីខ្លះនៅទីតាំងជាក់លាក់។ នោះមានន័យថាត្រូវបើកបររាប់ពាន់គីឡូម៉ែត្រ និងឈប់ជាច្រើនកន្លែងរាប់មិនអស់ដើម្បីកត់ត្រា។ ការធ្វើបែបនេះមិនត្រឹមតែមិនល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែវាក៏ត្រូវចំណាយច្រើន ប្រើប្រាស់ធនធានក៏ច្រើន ហើយត្រូវប្រើពេលយ៉ាងច្រើនទៀត។ ដូច្នេះ តម្រូវការនៃដំណោះស្រាយមួយដែលមានលក្ខណៈឌីជីថល និងកាន់តែសមស្របនឹងបរិស្ថាន បាននាំឱ្យ Autori មានគំនិតច្នៃប្រឌិត។ ហើយទិដ្ឋភាពផ្លូវគឺជាដំណោះស្រាយដំបូងគេដែលពួកគេគិតឃើញក្នុងការបង្ហាញរូបភាពកម្រិតផ្លូវ។

 

ការថែទាំផ្លូវជាបន្តបន្ទាប់​តម្រូវឱ្យមានការចែករំលែកទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់​ជាញឹកញាប់ជាមួយភាគីផ្សេងៗគ្នាជាច្រើន។ ទិដ្ឋភាពផ្លូវ​មានឧបករណ៍ចាំបាច់ទាំងអស់សម្រាប់ធ្វើការចែករំលែកព័ត៌មាន​ឱ្យបានកាន់តែងាយស្រួល​ក្នុងចំណោម​អ្នកប្រើប្រាស់ – អ្នកគ្រប់គ្នាដែលមានទូរសព្ទឆ្លាតវៃ​អាចប្រើទិដ្ឋភាពផ្លូវនេះបាន ហើយមិនតម្រូវឱ្យមាន​ការចូលគណនី ឬការដំឡើងកម្មវិធី​ណាមួយឡើយ។ ហើយទោះបីជាទិដ្ឋភាព​ផ្លូវ​ត្រូវបានប្រើប្រាស់សម្រាប់ការថែទាំផ្លូវពីមុនក៏ដោយ ក៏ការរក្សាបច្ចុប្បន្នភាពទិន្នន័យ គឺជាការប្រឈមដ៏ធំបំផុតដែរ។ យើងបានឃើញឱកាសដើម្បីដោះស្រាយបញ្ហានោះ ដោយបញ្ចូលទិដ្ឋភាព​ផ្លូវ​ជាមួយនឹងកម្មវិធីថែទាំផ្លូវរបស់យើង។

-

Ari Immonen ប្រធានផ្នែកពិគ្រោះយោបល់លើការធ្វើឌី​ជីថលកម្មនៅ Autori

 

Autori រៀបចំផែនទីផ្លូវហ្វាំងឡង់តាមរយៈ Google ទិដ្ឋភាព​ផ្លូវ

រួមគ្នាទាំងពេលប្រើអ៊ីនធឺណិត ទាំងពេលគ្មានអ៊ីនធឺណិត ដើម្បីសុវត្ថិភាពនៅលើដងផ្លូវ

នៅដើមឆ្នាំ 2017, Autori បានចាប់ផ្ដើមថតរូប និងបង្ហោះរូបភាព 360 នៃផ្លូវរដ្ឋនៅហ្វាំងឡង់ ដោយប្រើគណនី Google នៃក្រុមហ៊ុនរបស់ពួកគេដើម្បីបោះផ្សាយរូបភាពនានា។ តាំងពីពេលនោះមក ពួកគេថតបានផ្លូវរដ្ឋចម្ងាយ 40,000km និងបានបង្ហោះរូបភាព 8 លានសន្លឹក ដោយធ្វើឱ្យការគ្រប់គ្រងលើការថែទាំផ្លូវអាចដំណើរការបាននៅលើអ៊ីនធឺណិត។ ដោយរួមបញ្ចូលទិដ្ឋភាព​ផ្លូវ​ជាមួយនឹងដំណោះស្រាយ SaaS ពួកគេបានធ្វើឱ្យងាយស្រួលដល់អាជ្ញាធរផ្លូវគោកក្នុងការចូលប្រើប្រាស់ព័ត៌មានថ្មីៗអំពីទ្រព្យសម្បត្តិផ្លូវថ្នល់ពីចម្ងាយ។

ដោយសាររូបភាពដែល Autori បានបោះពុម្ពផ្សាយទៅក្នុងទិដ្ឋភាព​ផ្លូវ​ របាយការណ៍អំពីសញ្ញាចរាចរណ៍ផ្លូវគោក គំនូស ឬគ្រលុកនានាដែលបាត់ អាចត្រូវបានបង្ហោះ និងដាក់​ស្លាក​ដើម្បីឱ្យភាគីពាក់ព័ន្ធត្រួតពិនិត្យពីការិយាល័យរបស់ពួកគេតាមរយៈផ្ទាំង​គ្រប់គ្រងរបស់ Autori។ ដោយផ្ដល់ដំណោះស្រាយដែលអាចប្ដូរបានតាមបំណង Autori ក៏អនុញ្ញាតឱ្យអ្នកជាប់កិច្ចសន្យាតាមដាន និងរៀបចំផែនការការងារថែទាំដែលពាក់ព័ន្ធនៅក្នុងកន្លែងតែមួយដែរ។ នៅពេលការងារថែទាំត្រូវបានបញ្ចប់ រូបភាព 360 ថ្មីនៃតំបន់នឹងត្រូវបានថត និងបង្ហោះដោយបុគ្គលិក ដើម្បីបន្តរក្សាទិន្នន័យផ្លូវថ្នល់ឱ្យមានបច្ចុប្បន្នភាព។ ការធ្វើបែបនេះបានកាត់បន្ថយតម្រូវការក្នុងការទៅកាន់កន្លែងដោយផ្ទាល់ដើម្បីធ្វើការត្រួតពិនិត្យ - សន្សំពេលវេលា ប្រាក់កាស និងកាត់បន្ថយការបញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់។

ការធ្វើឱ្យមានការផ្លាស់ប្ដូរទាំងស្រុងលើសុវត្ថិភាពផ្លូវថ្នល់នៅគ្រប់ការធ្វើដំណើរទាំងអស់

ទិដ្ឋភាព​ផ្លូវ​អនុញ្ញាតឱ្យ Autori កែលម្អការចែករំលែកព័ត៌មាន និងការយល់ដឹងស្ថានភាពសម្រាប់អាជ្ញាធរផ្លូវគោកនៅក្នុងប្រទេសហ្វាំងឡង់ ដែលជាផលត្រឡប់មកវិញបានជួយកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធផល។ ដោយដឹងអំពីផលប៉ះពាល់ជាវិជ្ជមានដែលសកម្មភាពនេះអាចមាននៅជុំវិញពិភពលោក ឥឡូវនេះ Autori កំពុងធ្វើការលើគំរូស្ដង់ដារមួយសម្រាប់ប្រមូល និងចែករំលែកទិន្នន័យផ្លូវក្នុងពេលអនាគត។ ពួកគេក៏បានជួយអ្នកស្រុកឱ្យកាត់បន្ថយសំណល់កាបូនរបស់ពួកគេផងដែរ ដោយថតរូបផ្លូវជិះកង់ និងផ្លូវថ្មើរជើងចម្ងាយ 1,000km។ ឥឡូវនេះគេអាចចូលប្រើប្រាស់ទិន្នន័យថ្មីៗ និងធ្វើដំណើរទៅកន្លែងជិតៗ ដោយមិនមានប៉ះពាល់ដល់បរិស្ថានឡើយ។ លើសពីនេះទៀត ពួកគេនឹងចាប់ផ្ដើមធ្វើដំណើរម្ដងទៀតនៅរដូវក្ដៅនេះ ដើម្បីប្រមូលព័ត៌មានចម្ងាយផ្លូវ 15,000km បន្ថែមទៀតនៅក្នុងប្រទេសហ្វាំងឡង់ ដោយធ្វើឱ្យពួកគេអាចថតរូប និងបោះពុម្ពផ្សាយរូបផ្លូវថ្នល់រដ្ឋជិតពាក់កណ្ដាលហើយនៅក្នុងប្រទេសនេះនៅលើទិដ្ឋភាព​ផ្លូវ​។

ជោគជ័យរបស់ Autori គឺគ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមវិធីពិសេសៗជាច្រើនដែលអាជីវកម្មនានាកំពុងប្រើប្រាស់ទិដ្ឋភាព​ផ្លូវ​ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ។ វាលើសពីឧបករណ៍សម្រាប់រៀបចំផែនទីជារូបថតទៅទៀត ហើយវាមានអត្ថប្រយោជន៍ច្រើនមហិមាដល់អាជីវកម្មរបស់អ្នកផងដែរ។ តើអ្នកត្រៀមខ្លួនសរសេររឿងជោគជ័យផ្ទាល់ខ្លួនរបស់អ្នកអំពីទិដ្ឋភាព​ផ្លូវ​ហើយឬនៅ?

រុករកបន្ថែមទៀត

ចែករំលែករូបភាពទិដ្ឋភាពផ្លូវរបស់អ្នកផ្ទាល់